កាលពីខែតុលាឆ្នាំមុន លោក Tim Draper ដែលជាអ្នកវិនិយោគដំបូងបង្អស់របស់ Tesla បានបណ្តាក់ទុនចំនួន 3 លានដុល្លារអាមេរិកនៅក្នុងគម្រោងរថយន្តអាចហោះរបស់ក្រុមហ៊ុន Alef Aeronautics ។ ហើយឥឡូវនេះ គម្រោងនេះបានសម្រេចនូវសមិទ្ធិផលដំបូងរបស់ខ្លួន ខណៈដែល Federal Aviation Administration (FAA) បានផ្តល់ការយល់ព្រមស្របច្បាប់លើប្រតិបត្តិការយន្តហោះModel A របស់ Alef Aeronautics ។ ចំណុចនេះមានន័យថា Model A នឹងក្លាយជាម៉ូដែលរថយន្តហោះដំបូងគេដែលដំណើរការនិងហោះចេញនៅលើផ្លូវដោយស្របច្បាប់។
ទោះជាយ៉ាងណាក៏ដោយ នេះមិនមានន័យថា រថយន្តអាចបើកហោះបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនោះទេ។ FAA បានចេញ “វិញ្ញាបនបត្រជើងហោះហើរពិសេស” សម្រាប់Model A ដើម្បីគ្រប់គ្រង និងកំណត់ទីតាំងជាក់លាក់ដែលរថយន្តអាចហោះឡើង។ Model A គឺជារថយន្តដែលប្រើអគ្គិសនីទាំងស្រុង ហើយយន្តការហោះឡើងរបស់វាមិនទាមទារផ្លូវរត់ទេ។ វាធ្វើតាមវិធីសាស្រ្តហោះហើរ និងចុះចតបែបបញ្ឈរ (VTOL) ស្រដៀងនឹងឧទ្ធម្ភាគចក្រ។ ប្រតិបត្តិការរបស់រថយន្តនឹងមានចម្ងាយ 321 គីឡូម៉ែត្រនៅលើផ្លូវ និង 160 គីឡូម៉ែត្រនៅលើអាកាស។ រថយន្តហោះចេញ និងចុះចតបែបបញ្ឈរ គឺវាមិនតម្រូវឱ្យមានស្លាបទេ។
បច្ចុប្បន្ននេះមិនទាន់មានព័ត៌មានជាក់លាក់ណាមួយដែលអាចរកបានអំពីព័ត៌មានលម្អិតបច្ចេកទេសនៃរថយន្ត ឬទីតាំងដែលរថយន្តអាចផ្លាស់ប្តូរពីការបើកបរទៅជាការហោះហើរនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ទីតាំងទាំងនេះប្រាកដជាមិននៅជិតព្រលានយន្តហោះ ផ្លូវហាយវេ ឬតំបន់ចរាចរណ៍ក្នុងទីក្រុងនោះទេ។
ជាងនេះទៅទៀត ដោយសារModel A គឺជាប្រើប្រាស់អគ្គិសនីទាំងស្រុង ប្រសិនបើវាត្រូវដាក់លក់ជាសាធារណៈ វានឹងត្រូវបានសាកល្បងជាលើកដំបូងនៅក្នុងតំបន់ណាដែលមានអាកាសធាតុរដូវរមិនត្រជាក់ខ្លាំង។ យើងទាំងអស់គ្នាដឹងហើយថារដូវរងាអាចប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការនៃរថយន្តអគ្គិសនីនេះ។